Social Icons

twitterfacebookgoogle pluslinkedinrss feedemail

วันอาทิตย์ที่ 17 มิถุนายน พ.ศ. 2555

អនិសង្សសីល ៥

បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។
គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែ​នឹងការងារ​របស់​ជន​ដទៃ ​មិនបាននូវបព្វជា្ជ។ ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយ​រមែង​ឆេះដោយភ្លើង ៣ យ៉ាង  អញគប្បីគេចចេញដោយឧបាយណាហ្ន៍។ អញជា​មនុស្សកំព្រា​ ធ្វើនូវការ​ឈ្នួល​ ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះគួរតែអញ​រក្សា​សីល ៥ ឲ្យពេញ​លេញ​។

មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់​ព្រះ​មុនី​ ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈអង្គនោះ ហើយទទួលនូវ​សិក្ខា​បទ​​​ទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សា​សីល​ ៥ ឲ្យបរិបូណ៍ អស់​កាល​ប៉ុណ្ណោះ​ដែរ។

លុះមរណកាលមកដល់ព្រមហើយ ទេវតា​ទាំងឡាយ​លួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មក​ប្រាកដដល់អ្នកហើយ។ កាលបើចិត្តជា​ខាង​ក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំ​បាន​រំលឹក​នូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់​ឋានតាវត្តឹង្ស ដោយ​​សារអំពើដែល​ខ្ញុំធ្វើល្អ​ហើយ​នោះ។

ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មាន​ពួកស្រីអប្សរចោមរោម សោយ​សេចក្តី​សុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បាន​សោយ​​រាជ្យ​ប្រទេស​ដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។

ខ្ញុំចុត្យ​ចាក​ទេវ​លោក​ ត្រូវ​កុសល​មួយដាស់តឿន ក៏មកកើត​ក្នុងត្រកូល​មហាសាល​ដ៏​ស្តុកស្តម្ភ ​ក្នុង​ក្រុង​​សាវត្ថី​។​ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិង​បិតា​របស់​ខ្ញុំ​បាន​ ទទួល​នូវ​សិក្ខាបទ​ទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួល​សីល​ជាមួយ (និង​មាតា) ហើយ​បាន​ដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់​នូវ​អរហត្ត ​ព្រះពុទ្ធ​មានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យ​ឧបសម្បទាជា​ភិក្ខុដល់ខ្ញុំ។

ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយ​អស់​​កប្ប ​នឹងប្រមាណមិនបានអំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវ​យស ​ព្រោះហេតុ​នៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែង​ជា​ឯកទេស (មួយ​ចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នក​មាន អាយុវែង ១ មាន​ទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។

មួយទៀត ខ្ញុំសម្តែង​នូវ​ភាព​ជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោល​ទៅ​ក្នុង​ភពតូច និងភពធំ ហើយ​តែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់​ព្រះជិន​ស្រីកាលប្រព្រឹត្ត ក្នុងសីលនឹងប្រមាណមិនបាន បើលោកនៅត្រេកអរ ក្នុង​ភព តើនឹងបានផល​ដូច​ម្តេច​ទៅ។

សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មាន​ព្យាយាម​ប្រព្រឹត្តល្អហើយ ខ្ញុំបាន​រួច​ចាក​ចំណង​​ទាំងពួង ក្នុងថ្ងៃនេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពី​កប្ប​នេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​សីល​​ ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ទាំង​សាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បាន​ឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃ​ឡុន​

ស្រង់ចាក ៥០០០​ឆ្នាំ

0 មតិរបស់អ្នក...:

แสดงความคิดเห็น

សូមស្វាគមន៍!!! សម្រាប់ការចូលមកកាន់គេហទំព័រនេះ ! នៅក្នុងគេហទំព័រនេះ លោកអ្នកនឹងបានទស្សនា​ ក៏ដូចជាបានស្តាប់នៅព្រះធម៌ ដែលសម្តែង និងបង្រៀនដោយ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ព្រមទាំងទស្សនា ឯកសារធម្មយាត្រាផ្សេងៗ ។ សូមអនុមោទនា !!!